1 លោកដាវីឌរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្ដេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះបិតារបស់បង បានជាស្ដេចរកសម្លាប់ខ្ញុំដូច្នេះ?»។
2 សម្ដេចយ៉ូណាថានឆ្លើយតបថា៖ «សូមកុំឲ្យកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! បិតារបស់ខ្ញុំមិនដែលធ្វើអ្វី ដោយឥតប្រាប់ឲ្យខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្ដី។ បើបិតាចង់សម្លាប់ប្អូន ទ្រង់មុខជាប្រាប់ឲ្យខ្ញុំដឹងមិនខាន ទ្រង់មិនលាក់ទេ»។
3 លោកដាវីឌមានប្រសាសន៍ទៀតថា៖ «បិតារបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាស្ដេចគិតថា “មិនត្រូវឲ្យយ៉ូណាថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមបងផ្ទាល់ដែលនៅមានជីវិតថា សេចក្ដីស្លាប់នៅឃ្លាតពីខ្ញុំតែមួយចង្អាមប៉ុណ្ណោះ»។
4 សម្ដេចយ៉ូណាថានពោលទៅកាន់លោកដាវីឌថា៖ «បើប្អូនចង់ឲ្យខ្ញុំធ្វើអ្វី ខ្ញុំធ្វើតាមទាំងអស់»។
5 លោកដាវីឌតបទៅសម្ដេចយ៉ូណាថានវិញថា៖ «ស្អែកនេះជាថ្ងៃបុណ្យដើមខែ ធម្មតា ខ្ញុំត្រូវទៅបរិភោគរួមតុជាមួយស្ដេច។ សូមឲ្យខ្ញុំចេញទៅពួននៅឯស្រែ រហូតដល់ល្ងាចខានស្អែក។
6 បិតារបស់បងមុខជាសួររកខ្ញុំ ព្រោះខ្ញុំមិននៅ សូមទូលស្ដេចថា “ដាវីឌទទូចសូមអនុញ្ញាតពីទូលបង្គំ ធ្វើដំណើរទៅបេថ្លេហិម ជាភូមិកំណើតរបស់គេយ៉ាងប្រញាប់ ដើម្បីចូលរួមថ្វាយយញ្ញបូជាប្រចាំឆ្នាំ ជាមួយនឹងអំបូរទាំងមូល”។
7 ប្រសិនបើស្ដេចមានរាជឱង្ការថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្ដេចខ្ញាល់ នោះបងនឹងដឹងច្បាស់ថា ស្ដេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។