១ សាំយូ‌អែល 20:8-14 KHSV

8 ដូច្នេះ សូម​បង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។

9 សម្ដេច​យ៉ូណា‌ថាន​ពោល​ឡើង​ថា៖ «កុំ​មាន​គំនិត​ដូច្នេះ​ឡើយ! ប្រសិន​បើ​ខ្ញុំ​ដឹង​ច្បាស់​ថា បិតា​របស់​ខ្ញុំ​សម្រេច​ព្រះ‌ហឫទ័យ​ធ្វើ​បាប​ប្អូន នោះ​ខ្ញុំ​មុខ​ជា​ប្រាប់​ប្អូន​មិន​ខាន»។

10 លោក​ដាវីឌ​សួរ​ថា៖ «ប្រសិន​បើ​បិតា​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខ្ញាល់​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។

11 សម្ដេច​យ៉ូណា‌ថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «មក៍ យើង​ចេញ​ទៅ​វាល​ស្រែ!»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​វាល​ស្រែ​ជា​មួយ​គ្នា។

12 សម្ដេច​យ៉ូណា‌ថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «ខ្ញុំ​សូម​សន្យា​ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ពេល​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទង់​មើល​ព្រះ‌ហឫទ័យ​បិតា​របស់​ខ្ញុំ។ ប្រសិន​បើ​ទ្រង់​មាន​បំណង​ល្អ​ចំពោះ​ប្អូន ហើយ​បើ​ខ្ញុំ​មិន​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​មក​ប្រាប់​ប្អូន​ទេ​នោះ

13 សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​បិតា​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​ឲ្យ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ប្អូន ដូច​ព្រះ‌អង្គ​គង់​ជា​មួយ​បិតា​ខ្ញុំ​កាល​ពី​មុន​ដែរ។

14 ពេល​ក្រោយ ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​មក​ពី​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។