១ សាំយូ‌អែល 26:1-6 KHSV

1 អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល នៅ​គីបៀរ ហើយ​ទូល​ថា៖ «ដាវីឌ​លាក់​ខ្លួន​នៅ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន»។

2 ដូច្នេះ ព្រះ‌បាទ​សូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​លោក​ដាវីឌ។ ស្ដេច​នាំ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។

3 ស្ដេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន។ លោក​ដាវីឌ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ឃើញ​ព្រះ‌បាទ​សូល​តាម​រក​ចាប់​ខ្លួន​លោក នៅ​វាល​រហោ‌ស្ថាន

4 លោក​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍​រួច​ដឹង​ថា ព្រះ‌បាទ​សូល​យាង​មក​ដល់​ប្រាកដ​មែន។

5 ពេល​នោះ លោក​ដាវីឌ​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ព្រះ‌បាទ​សូល។ លោក​ឃើញ​កន្លែង​ដែល​ស្ដេច​ផ្ទំ ហើយ​ឃើញ​កន្លែង​ដែល​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​ជា​មេ‌ទ័ព​របស់​ស្ដេច​សម្រាន្ដ​ដែរ។ ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ហើយ​ពល​ទ័ព​បោះ​ជំរំ​ជុំ‌វិញ។

6 លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ម៉ាឡេក ជា​ជន‌ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។