១ សាំយូ‌អែល 26:14-20 KHSV

14 លោក​ស្រែក​ហៅ​កង‌ទ័ព រួច​ហៅ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ថា៖ «លោក​អប៊ី‌នើរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អប៊ី‌នើរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះ‌ករុណា​ដូច្នេះ?»។

15 លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «តើ​លោក​ជា​មនុស្ស​ដើម​ទ្រូង​ប្រាំ​ហត្ថ​មែន ឬ​មិន​មែន! នៅ​ស្រុក​អ៊ីស្រា‌អែល មាន​តែ​លោក​ទេ​ដែល​ប្រសើរ​ជាង​គេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​យាម​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក? ដ្បិត​មាន​ប្រជា‌ជន​មួយ​រូប​បាន​លប​ចូល​ទៅ​ធ្វើ​គុត​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក។

16 ខ្ញុំ​សុំ​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ធ្វេស‌ប្រហែស​ដូច្នេះ​មិន​ល្អ​ទេ! ពួក​លោក​គួរ​តែ​ស្លាប់ ដោយ​មិន​បាន​រក្សា​ការ‌ពារ​ម្ចាស់​របស់​ខ្លួន គឺ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​អភិ‌សេក។ មើល! នេះ​នែ៎ លំពែង​របស់​ព្រះ‌ករុណា និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ស្ដេច!»។

17 ព្រះ‌បាទ​សូល​ស្គាល់​សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គឺ​ទូលបង្គំ​មែន!»។

18 លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូលបង្គំ​ដូច្នេះ? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី? តើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?

19 សូម​ព្រះ‌ករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះ‌អម្ចាស់​ជំរុញ​ព្រះ‌ករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ព្រះ‌អម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះ‌ករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត

20 តែ​ទូលបង្គំ​មិន​ចង់​ឲ្យ​គេ​បង្ហូរ​ឈាម​ទូលបង្គំ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌មហា‌ក្សត្រ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​ធ្វើ​សឹក​នឹង​ទូលបង្គំ ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ព្រះ‌ករុណា​ដេញ​តាម​ទូលបង្គំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។