១ សាំយូ‌អែល 26:17-23 KHSV

17 ព្រះ‌បាទ​សូល​ស្គាល់​សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គឺ​ទូលបង្គំ​មែន!»។

18 លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូលបង្គំ​ដូច្នេះ? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី? តើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?

19 សូម​ព្រះ‌ករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះ‌អម្ចាស់​ជំរុញ​ព្រះ‌ករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ព្រះ‌អម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះ‌ករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត

20 តែ​ទូលបង្គំ​មិន​ចង់​ឲ្យ​គេ​បង្ហូរ​ឈាម​ទូលបង្គំ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌មហា‌ក្សត្រ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​ធ្វើ​សឹក​នឹង​ទូលបង្គំ ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ព្រះ‌ករុណា​ដេញ​តាម​ទូលបង្គំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។

21 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។

22 លោក​ដាវីឌ​ទូល​ថា៖ «នេះ​ជា​លំពែង​របស់​ព្រះ‌ករុណា! សូម​ចាត់​សេនា​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ!

23 សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។