១ សាំយូ‌អែល 26:6-12 KHSV

6 លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ម៉ាឡេក ជា​ជន‌ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។

7 យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ី‌សាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ី‌នើរ និង​ពល​ទាហាន ដេក​លក់​នៅ​ជុំ‌វិញ​ស្ដេច។

8 លោក​អប៊ី‌សាយ​ជម្រាប​លោក​ដាវីឌ​ថា៖ «យប់​នេះ ព្រះ‌ជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្ដេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។

9 ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​ធ្វើ​គុត​ព្រះ‌ករុណា ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិសេក អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។

10 លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្ដេច ដោយ​ឲ្យ​ស្ដេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរ‌ភូមិ។

11 ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្ដេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។

12 លោក​ដាវីឌ​យក​លំពែង និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ព្រះ‌បាទ​សូល ហើយ​នាំ​គ្នា​ចាក​ចេញ​ទៅ ដោយ​គ្មាន​ទាហាន​ម្នាក់​បាន​ឃើញ និង​ដឹង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ដែរ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ព្រោះ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លង់‌លក់ ឥត​ដឹង​ខ្លួន។