3 លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះបាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។
4 មានគេទូលព្រះបាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្ដេចក៏ឈប់ដេញតាមលោកទៀត។
5 ថ្ងៃមួយ លោកដាវីឌទូលសួរព្រះបាទអគីសថា៖ «បពិត្រព្រះករុណា! ប្រសិនបើស្ដេចពិតជាអនុគ្រោះដល់ទូលបង្គំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យទូលបង្គំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យទូលបង្គំស្នាក់នៅក្នុងរាជធានីជាមួយព្រះករុណាឡើយ?»។
6 នៅថ្ងៃនោះ ព្រះបាទអគីសប្រទានក្រុងស៊ីគឡាក់ឲ្យលោក។ ហេតុនេះហើយបានជាក្រុងនោះនៅជាកម្មសិទ្ធិរបស់ស្ដេចយូដា រហូតមកដល់សព្វថ្ងៃ។
7 លោកដាវីឌស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលមួយឆ្នាំបួនខែ។
8 លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើម ជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។
9 លោកដាវីឌវាយកម្ទេចទឹកដីនោះ ឥតទុកឲ្យមនុស្សប្រុស ឬស្រីណាម្នាក់រួចជីវិតឡើយ។ លោកប្រមូលហ្វូងចៀម និងហ្វូងគោ ព្រមទាំងលា អូដ និងសម្លៀកបំពាក់ ហើយត្រឡប់មកវិញ គាល់ព្រះបាទអគីស។