កិច្ចការ 1:1-6 KHSV

1 សូម​ជម្រាប​មក​ឯក​ឧត្ដម​ថេវ‌ភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្រៀន តាំង​ពី​ដើម​រៀង​មក

2 រហូត​ដល់​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្ដែ‌ផ្ដាំ​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដល់​ក្រុម​សាវ័ក*​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស។

3 ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះ‌អង្គ តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ផង។

4 ពេល​ព្រះ‌អង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ក្រុម​សាវ័ក ទ្រង់​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​ព្រះ‌វិញ្ញាណ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា

5 លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​គេ​ក្នុង​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ»។

6 ពេល​នោះ ក្រុម​សាវ័ក*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។