3 ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គ តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថាព្រះអង្គមានព្រះជន្មរស់ពិតប្រាកដមែន។ ព្រះអង្គបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។
4 ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមសាវ័ក ទ្រង់ហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណ តាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា
5 លោកយ៉ូហានបានធ្វើពិធីជ្រមុជ*ឲ្យគេក្នុងទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។
6 ពេលនោះ ក្រុមសាវ័ក*នៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។
7 ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។
8 ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
9 លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលព្រះអង្គ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពក*មកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។