18 គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។
19 ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្តឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក
20 ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។
21 លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។
22 គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។
23 លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។
24 នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។