កិច្ចការ 11:17-23 KHSV

17 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ដល់​គេ ដូច​ព្រះ‌អង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះ‌ជាម្ចាស់​បាន?»។

18 កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ​ក៏​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។

19 ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។

20 ក៏​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។

21 ព្រះ‌អម្ចាស់​បាន​ជួយ​ជ្រោម‌ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។

22 ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។

23 ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជា‌និច្ច។