កិច្ចការ 11:4-10 KHSV

4 លោក​ពេត្រុស​ក៏​រៀប​រាប់​ប្រាប់​គេ​យ៉ាង​ក្បោះ‌ក្បាយ​ថា៖

5 «កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ពេល​អធិស្ឋាន* ខ្ញុំ​លង់​ស្មារតី និមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។

6 ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សា‌បក្សី។

7 ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថា: “ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។

8 ប៉ុន្តែ ខ្ញុំ​ទូល​ទៅ​វិញ​ថា: “ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ*​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ”។

9 ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថា: “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។

10 ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។