កិច្ចការ 13:17-23 KHSV

17 ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​នេះ​បាន​ចម្រើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប។ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

18 ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​គេ​អស់​រយៈ​ពេល​ប្រមាណ​សែ‌សិប​ឆ្នាំ នៅ​វាល​រហោ‌ស្ថាន។

19 ក្រោយ​ពី​ព្រះ‌អង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំ‌ពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ធ្វើ​ជា​កម្មសិទ្ធិ។

20 ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហា‌សិប​ឆ្នាំ។ ក្រោយ​មក ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​អ្នក​គ្រប់‌គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាំយូ‌អែល។

21 បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះ‌ជាម្ចាស់​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

22 ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះ‌បាទ​សូល ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះ‌អង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះ‌បាទ​ដាវីឌ​នេះ​ថា: “យើង​រក​បាន​មនុស្ស​ម្នាក់​ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។

23 ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌យេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។