កិច្ចការ 13:2-8 KHSV

2 នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​តម​អាហារ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ចការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។

3 ក្រោយ​ពី​បាន​នាំ​គ្នា​តម​អាហារ និង​អធិស្ឋាន*​រួច​ហើយ គេ​បាន​ដាក់​ដៃ*​លើ​លោក​ទាំង​ពីរ ហើយ​ឲ្យ​លោក​ចេញ​ទៅ។

4 លោក​បារណា‌បាស និង​លោក​សូល ដែល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ចាត់​ឲ្យ​ទៅ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើ‌ស៊ា ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។

5 ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ដោយ​មាន​លោក​យ៉ូហានជួយ​ផង។

6 បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្ត‌អាគម​ជាតិ​យូដា​ម្នាក់ ឈ្មោះ​បារ‌យេស៊ូ​ជា​ព្យាការី​ក្លែង‌ក្លាយ

7 គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-‌ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។

8 ប៉ុន្តែ អេលី‌ម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្ត‌អាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោ‌បាយ​ពង្វាង​លោក​ប្រតិភូ ឲ្យ​ងាក​ចេញ​ពី​ជំនឿ។