21 បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន ឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។
22 ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានឲ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា: “យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។
23 ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
24 មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសឲ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។
25 ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា: “ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង”។
26 បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
27 ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការី*ថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ*