25 ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា: “ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង”។
26 បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
27 ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការី*ថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ*
28 ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។
29 កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។
30 ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។
31 ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។