47 ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា:“យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី” »។
48 កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។
49 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយ ក្នុងស្រុកនោះទាំងមូល។
50 ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។
51 លោកប៉ូល និងលោកបារណាបាស ក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូនាម។
52 រីឯពួកសិស្ស*នៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ*។