9 ពេលនោះ លោកសូល ដែលហៅថាប៉ូលបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស
10 ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ* អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត!។
11 ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។
12 កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់។
13 លោកប៉ូល និងមិត្តភក្ដិរបស់លោក បានចុះសំពៅពីក្រុងប៉ាផូសឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ លោកយ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
14 រីឯលោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ* លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ*។
15 បន្ទាប់ពីបានអានគម្ពីរវិន័យ* និងគម្ពីរព្យាការី*រួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។