កិច្ចការ 14:14-20 KHSV

14 កាល​សាវ័ក*​បារណា‌បាស និង​សាវ័ក​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀក‌បំពាក់ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជា‌ជន ទាំង​ស្រែក​ឡើង​ថា៖

15 «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង‌ប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង‌ល្អ*​មក​ជម្រាប​ជូន​បង‌ប្អូន គឺ​សូម​បង‌ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយ‌បង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។

16 នៅ​ជំនាន់​មុនៗ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។

17 ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ‌អង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​មិន​ដែល​អាក់‌ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង‌ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។

18 ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហា‌ជន​មិន​ឲ្យ​ធ្វើ​បូជា‌យញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។

19 បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ត​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។

20 ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំ‌វិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណា‌បាស។