21 លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ*នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យធ្វើជាសិស្ស*។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។
22 លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
23 លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ*នៅតាមក្រុមជំនុំនីមួយៗ។ លុះបានអធិស្ឋាន* និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសិស្សទុកនៅនឹងព្រះអម្ចាស់ ដែលគេបានជឿ។
24 បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។
25 លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។
26 នៅទីនោះ លោកនាំគ្នាចុះសំពៅ វិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
27 កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឲ្យសាសន៍ដទៃជឿ។