កិច្ចការ 14:5-11 KHSV

5 សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ។

6 លោក​ប៉ូល និង​លោក​បារណា‌បាស យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅ‌នា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ

7 ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ទី​នោះ។

8 នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​បាន​ឡើយ

9 គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា​បាន

10 លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​បាន។

11 កាល​មហា‌ជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅ‌នា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។