កិច្ចការ 15:1-6 KHSV

1 មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ពួក​បង‌ប្អូន​ថា៖ «ប្រសិន​បើ​បង‌ប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែក* តាម​ទំនៀម‌ទម្លាប់​របស់​លោក​ម៉ូសេ​ទេ បង‌ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។

2 លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែក‌ញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង‌ប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល និង​លោក​បារណា‌បាស ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​បង‌ប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ទៅ​ជម្រាប​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ*​អំពី​រឿង​នេះ។

3 ក្រុម‌ជំនុំ*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី ទាំង​រៀប​រាប់​ប្រាប់​ពួក​បង‌ប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង‌ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

4 កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ក្រុម‌ជំនុំ ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក។ ពួក​លោក​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។

5 ពេល​នោះ មាន​បង‌ប្អូន​ខ្លះ​ខាង​គណៈ‌ផារីស៊ី​ដែល​ជឿ​ព្រះ‌អម្ចាស់ ក្រោក​ឈរ​ឡើង ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​សាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យ*​របស់​លោក​ម៉ូសេ​ដែរ។

6 ក្រុម​សាវ័ក និង​ក្រុម​ព្រឹទ្ធា‌ចារ្យ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​នេះ។