1 មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។
2 លោកប៉ូល និងលោកបារណាបាស បានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាស ឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ*អំពីរឿងនេះ។
3 ក្រុមជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។
4 កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។
5 ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។
6 ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។
7 ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។