3 ក្រុមជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។
4 កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។
5 ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។
6 ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។
7 ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។
8 ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។
9 ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។