6 ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។
7 ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។
8 ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។
9 ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។
10 ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!
11 ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។
12 ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈលោក។