8 ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។
9 ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។
10 ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!
11 ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។
12 ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈលោក។
13 លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖
14 «បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។