1 លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស*មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក
2 គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។
3 លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។
4 នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ* នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។
5 ក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។