2 គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។
3 លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។
4 នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ* នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។
5 ក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
6 ព្រះវិញ្ញាណដ៏វិសុទ្ធ*បានឃាត់ពួកលោកប៉ូល មិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។
7 ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឲ្យទៅទេ។
8 ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។