22 បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។
23 ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមយ៉ាងមធ្យ័តផង។
24 ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។
25 ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាស នាំគ្នាអធិស្ឋាន និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។
26 រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
27 ពេលនោះ ឆ្មាំគុកភ្ញាក់ឡើង លុះគាត់ឃើញទ្វារគុករបើកដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។
28 ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។