កិច្ចការ 17:11-17 KHSV

11 សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។

12 ក្នុង​ចំណោម​ពួក​គេ មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។

13 ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ‌បំបោរ​មហា‌ជន​ឲ្យ​ជ្រួល‌ច្របល់​ឡើង។

14 ឃើញ​ដូច្នោះ ពួក​បង‌ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។

15 ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​មក​ជា​មួយ​លោក រហូត​ដល់​ក្រុង​អាថែន ទើប​ត្រឡប់​ទៅ​វិញ ទាំង​នាំ​ពាក្យ​ផ្ដែ‌ផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។

16 ពេល​លោក​ប៉ូល​រង់‌ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង​ដោយ​ឃើញ​មាន​រូប​សំណាក​ពាស‌ពេញ​ក្នុង​ក្រុង​នេះ។

17 លោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ* ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទី‌លាន​សាធារណៈ​ក្នុង​ក្រុង។