កិច្ចការ 17:2-8 KHSV

2 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែក‌ញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទ* ក្នុង​អំឡុង​បី​សប្ដាហ៍។

3 លោក​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ព្រះ‌គ្រិស្ដ​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌គ្រិស្ដ គឺ​ព្រះ‌យេស៊ូ​ដែល​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នេះ​ហើយ»។

4 ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់ ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។

5 រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ‌បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស

6 តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បង‌ប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ឲ្យ​ជ្រួល‌ច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។

7 យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌រាជ‌ក្រឹត្យ​របស់​ព្រះចៅ​អធិ‌រាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។

8 ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា‌ជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។