22 លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំ នៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់
23 ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយ ដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
24 ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ
25 ហើយព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។
26 ព្រះអង្គប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។
27 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ
28 ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។