28 ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។
29 ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។
30 ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្តគំនិត
31 ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត* ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។
32 កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
33 លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។
34 ប៉ុន្តែ មានអ្នកខ្លះបានមកចូលរួមជាមួយលោក ហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។