កិច្ចការ 18:15-21 KHSV

15 ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែក‌ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។

16 លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។

17 ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្តែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ* មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលី‌យ៉ូ​មិន​អើពើ​ទេ។

18 លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បង‌ប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់ នៅ​កំពង់‌ផែ​កេង‌គ្រា។

19 លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។

20 ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ

21 តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​វិល​មក​រក​បង‌ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។