កិច្ចការ 18:20-26 KHSV

20 ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ

21 តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​វិល​មក​រក​បង‌ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។

22 លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម‌ជំនុំ* បន្ទាប់​មក លោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។

23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូក​យូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស*​ទាំង​អស់​ផង។

24 មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។

25 គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​ព្រះ‌បន្ទូល ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ‌យេស៊ូ​ផង។ ក៏​ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។

26 គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់‌អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់​ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​ថែម​ទៀត។