13 មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។
14 កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ*របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
15 វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។
16 អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។
17 មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។
18 មានអ្នកជឿជាច្រើននាក់បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តកាលពីមុន
19 ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង*។