21 ក្រោយពីព្រឹត្តិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលឲ្យសម្រេចចិត្តទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះ ខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
22 លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯលោក លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
23 នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។
24 មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។
25 គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ
26 ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។
27 ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយ ហើយកិត្តិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។