30 លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែ ពួកសិស្ស*បានឃាត់លោកមិនឲ្យទៅទេ
31 សូម្បីតែមន្ត្រីក្រុងខ្លះដែលជាមិត្តភក្ដិរបស់លោក ក៏បានចាត់គេឲ្យទៅជម្រាបលោក មិនឲ្យទៅលានមហោស្រពដែរ។
32 នៅពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូកច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថាគេមកប្រជុំគ្នារឿងអ្វីផង។
33 ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។
34 ប៉ុន្តែ កាលប្រជាជនឃើញថា គាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
35 នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។
36 ត្រង់នេះ គ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។