កិច្ចការ 2:21-27 KHSV

21 ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” »។

22 បង‌ប្អូន​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ‌ជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នៅ​មុខ​បង‌ប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះ‌អង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង‌ប្អូន តាម​រយៈ​លោក​ដូច​បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ។

23 បង‌ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ទៅ​ឲ្យ​ពួក​ជន​ពាល ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះ‌អង្គ​ទ្រង់​ញាណ​ជា​មុន។

24 ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។

25 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។

26 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ

27 ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។