កិច្ចការ 2:7-13 KHSV

7 អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។

8 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ?

9 គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី

10 ស្រុក​ព្រីគា ស្រុក​ប៉ាមភី‌លា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម

11 ទាំង​ជន‌ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន‌ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។

12 អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្ដេច?»។

13 ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។