13 រីឯយើងវិញ យើងបានចុះសំពៅទៅមុន ធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។
14 កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។
15 យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបី យើងក៏បានទៅដល់ក្រុងមីលេត។
16 លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
17 លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។
18 លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖«បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ
19 គឺខ្ញុំបានបម្រើព្រះអម្ចាស់ ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។