25 ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នា ទាំងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះ ខ្ញុំដឹងថាបងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។
26 ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពឲ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ
27 ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
28 ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
29 ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ
30 ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមគេទៀតផង។
31 ហេតុនេះ សូមបងប្អូនប្រុងស្មារតីឲ្យមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូបទាំងទឹកភ្នែក ក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។