កិច្ចការ 21:1-7 KHSV

1 ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតា‌រ៉ា។

2 មាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។

3 ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី។ យើង​បាន​ចូល​ចត​កំពង់‌ផែ​ក្រុង​ទីរ៉ុស ដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។

4 យើង​បាន​ជួប​ពួក​សិស្ស*​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ដោយ​ព្រះ‌វិញ្ញាណ​សម្តែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។

5 លុះ​ប្រាំ‌ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង‌ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។

6 បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។

7 យើង​បាន​បន្ត​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បង‌ប្អូន​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។