21 ប៉ុន្តែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្តិតាមគម្ពីរវិន័យរបស់លោកម៉ូសេ*ទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីកាត់ស្បែក*កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។
22 បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។
23 សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់
24 សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមក្រឹត្យវិន័យ*ដែរ។
25 រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលបានសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។
26 នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
27 លុះរយៈពេលមួយសប្ដាហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ* ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់លោក។