27 លុះរយៈពេលមួយសប្ដាហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ* ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់លោក។
28 ពួកគេស្រែកឡើងថា៖ «បងប្អូនជនជាតិអ៊ីស្រាអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នានៅគ្រប់ទីកន្លែងឲ្យប្រឆាំងនឹងប្រជារាស្ត្រអ៊ីស្រាអែល ប្រឆាំងនឹងក្រឹត្យវិន័យ* ហើយប្រឆាំងនឹងព្រះវិហារ*។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ គឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធ*នេះ»។
29 គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។
30 ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ* រួចបិទទ្វារភ្លាម។
31 នៅពេលដែលពួកគេបម្រុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង
32 គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។
33 ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។