34 ប៉ុន្តែ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។
35 ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល
36 និងស្រែកថា៖ «សម្លាប់ចោលទៅ!»។
37 នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយជាមួយលោកបន្តិចបានឬទេ?»។ មេបញ្ជាការពោលមកលោកថា៖ «អ្នកចេះនិយាយភាសាក្រិកដែរ!
38 ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ចូលព្រៃនោះទេឬ?»។
39 លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគានោះទេតើ! សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
40 លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយលោកមានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖