កិច្ចការ 21:9-15 KHSV

9 លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​ថ្លែង​ព្រះ‌បន្ទូល*​របស់​ព្រះ‌ជាម្ចាស់។

10 យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកា‌ប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។

11 គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន ទាំង​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។

12 កាល​បាន​ឮ​ពាក្យ​នេះ ទាំង​យើង ទាំង​បង‌ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។

13 ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ទៀត​ផង»។

14 ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។

15 ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀប‌ចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។