កិច្ចការ 22:17-23 KHSV

17 ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី

18 ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។

19 ខ្ញុំ​ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំ*​នានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​យក​ទៅ​ឃុំ‌ឃាំង និង​វាយ‌ដំ​ទៀត​ផង។

20 នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​បន្ទាល់​របស់​ព្រះ‌អង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀក‌បំពាក់​របស់​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ”។

21 ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។

22 បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។

23 គេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផង។