23 គេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និងបាចធូលីដីឡើងលើទៀតផង។
24 លោកមេបញ្ជាការបង្គាប់ឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និងឲ្យគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំឲ្យបណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។
25 នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។
26 នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។
27 លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។
28 លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។
29 ពួកអ្នកដែលបម្រុងនឹងសួរចម្លើយលោក នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានឲ្យគេដាក់ច្រវាក់លោក។