កិច្ចការ 22:25-30 KHSV

25 នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។

26 នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាប​លោក​មេ‌បញ្ជា‌ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​ទេ​តើ»។

27 លោក​មេ‌បញ្ជា‌ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​មែន»។

28 លោក​មេ‌បញ្ជា‌ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម៉ាំង»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម៉ាំង តាំង​ពី​កំណើត​មក​ម៉្លេះ»។

29 ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ‌បញ្ជា‌ការ​ក៏​ភិត‌ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។

30 នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ‌បញ្ជា‌ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន‌ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​ជួប‌ជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។